របាំអប្សរា ជាស្នាព្រះហស្ថរបស់ព្រះមហាក្សត្រយានី ស៊ីសុវត្ថិ ព្រះកុសមៈនារីរ័ត្នសិរីវឌ្ឍនានៅឆ្នាំ១៩៦១ (ជាព្រះមាតានៃសម្តេចព្រះនរោត្តម សីហនុ)។ កាលនោះ ព្រះមហាក្សត្រយានី ទ្រង់យាងទៅធ្វើព្រះរាជទស្សនកិច្ចនៅសាលាបឋមសិក្សាសុធារស។ នាយិកាសាលា ដែលបានរៀបចំពិធីសិល្បៈកុមារ បានកាត់ក្រដាសធ្វើជាមកុដ ដូចគ្នា នឹងមកុដអប្សរាឆ្លាក់ជាប់ជញ្ជាំងប្រាសាទអង្គរវត្តបេះបិទ។ រឿងនេះ ញ៉ាំងឲ្យព្រះមហាក្សត្រយានីផ្តួចផ្តើមគំនិត បង្កើតរបាំនេះឡើង បានប្រសិទ្ធិនាមថា “របាំអប្សរា” ។ សម្តេចព្រះរាម នរោត្តម បុប្ផាទេវី គឺជាតួឯកអប្សរាទីមួយ ។
ពាក្យ “អប្សរា” គឺជាពាក្យផ្សំខ្មែរ និង សំស្រ្កឹត មានន័យថា របាំទេវៈ របាំទេពអប្សរ ឬ របាំទេវតា។ បើនិយាយពីគ្រឿងតុបតែងកាយមកុដអប្សរានិងក្បាច់រាំជាដើមសុទ្ធតែបានចម្លងតាមគំរូអប្សរានៅតាមជញ្ជាំងប្រាសាទអង្គរវត្តទាំងអស់។
របាំអប្សរា គឺជារបាំមួយក្នុងបណ្តារបាំព្រះរាជទ្រព្យឬរបាំក្បាច់បុរាណខ្មែរដែលត្រូវបានអង្គការយូណេស្កូទទួលចុះក្នុងបញ្ជីបេតិកភណ្ឌអរូបរីនៃមនុស្សជាតិ ( Intangible Heritage of Humanity) កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០០៣។
Comments
Post a Comment